ខ្មែរថាមស៍
លោក វ៉ែន វ៉ន ត្រូវបានបញ្ជូនមកបើកសវនាការកាលពីថ្ងៃម្សិលមិញ។ រូបថត សហការី |
ភ្នំពេញ៖(ខ្មែរថាមស៍)សាលាដំបូងខេត្តកោះកុង នឹងប្រកាសសាលក្រម លោក វ៉ែន វ៉ន តំណាងសហគមន៍ជនជាតិដើមភាគតិចជង រស់នៅភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង នៅថ្ងៃទី៣ ខែមិនា ទាក់ទងទៅនឹងសំណុំរឿងទទួលអនុផលឈើដោយគ្មានច្បាប់អនុញ្ញាត ស្របពេលដែល ព្រះរាជអាជ្ញាបានស្នើសុំឲ្យទម្លាក់ចោលបទចោទមួយករណី។
នៅក្នុងសវនាការដែលបានបើកសាធារណៈដោយអនុញ្ញាតឲ្យគ្រប់ភាគីពាក់ព័ន្ធនិងអង្គការក្រៅរដ្ឋាភិបាលបានចូលរួមស្ដាប់សវនាការ ក្រោយពីបានចាប់ផ្ដើមពីម៉ោង៨.៣០នាទី ដល់ ម៉ោង១១បានបញ្ចប់ ការសួរដេញដោលនោះ ចៅក្រមសាលាដំបូងខេត្តកោះកុង លោក អាំង ចិន្តា បានមានប្រសាសន៍ថា សាលាដំបូងនឹងប្រកាសសាលក្រមនៅថ្ងៃទី៣ ខែមិនា ឆ្នាំ ២០១៥ វេលាម៉ោង៨.០០ព្រឹក។
នៅក្នុងអង្គសវនាការដែលសួរទាក់ទងទៅនឹងបទចោទ លោក វ៉ែន វ៉ន អាយុ៣៦ឆ្នាំ បានថ្លែងនៅក្នុងក្រចកសេះថា លោកពុំបានធ្វើអ្វីដូចការចោទប្រកាន់នោះទេ លោកបានទិញឈើសម្រាប់បម្រើឲ្យតម្រូវការរបស់សហគមន៍ គឺសាងសង់ស្នាក់ការធ្វើការងារសហគមន៍ និងបន្ទប់បណ្ដុះបណ្ដាលភាសាអង់គ្លេសសម្រាប់កូនអ្នកភូមិ។ លោកបានថ្លែងថា៖ «ខ្ញុំបានស្នើសុំទៅលោកចៅហ្វាយស្រុក ហើយគាត់ក៏យល់ព្រមឲ្យសាងសង់។ ខ្ញុំសូមឲ្យលោកតុលាការមេត្តាដោះលែងខ្ញុំឲ្យមានសេរីភាពវិញ»។
លោក វ៉ែន វ៉ន ត្រូវតុលាការឃាត់ខ្លួននៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ នៅគ្រាដែលចៅក្រមស៊ើបសួរកោះហៅទៅបំភ្លឺ លើសំណុំរឿងទទួលអនុផលឈើដោយគ្មានច្បាប់អនុញ្ញាត និងការបំបាត់វត្ថុតាង ដែលមាននាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកោះកុង លោក អោម មធាក់រី ជាដើមបណ្ដឹង។ ការចោទប្រកាន់នេះ បន្ទាប់ពីលោកបានទិញឈើពីប្រជាពលរដ្ឋចំនួន៨ម៉ែត្រគុប សង់ទីស្នាក់ការនៅភូមិច្រកឫស្សី ក្នុងឃុំជំនាប់ សម្រាប់ទទួលភ្ញៀវទេសចរដែលចូលមកតំបន់អារ៉ែង និងប្រើប្រាស់ជាកន្លែងធ្វើការរបស់សហគមន៍។
No comments:
Post a Comment