ម៉ៃ ទិត្យថារ៉ា
|
លោក ហ៊ុន ម៉ានី ថ្លែងក្នុងកម្មវិធីកន្លងមក។
រូបថត ហ្វេសប៊ុក ហ៊ុន ម៉ានី
|
ភ្នំពេញ៖(ខ្មែរថាមស៍)លោកហ៊ុនម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាដែលត្រូវបានជ្រើសរើសជាថ្មីជាប្រធានក្រុមប្រឹក្សាយុវជនអាស៊ីបានថ្លែងថាសង្គ្រាមឬវិវាទអាចកើតឡើងជាថ្មីដោយសារយុវជនមិនបានយកចិត្តទុកដាក់គ្រប់គ្រាន់ ក្នុងការថែរក្សាសន្តិភាព និងមិនឲ្យតម្លៃ។
នៅក្នុងសេចក្ដីប្រកាសរួមរបស់ក្រុមប្រឹក្សាយុវជនអាស៊ី និងសហភាពសហព័ន្ធយុវជនកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ លោក ហ៊ុន ម៉ានី បានថ្លែងថា សន្តិភាពមិនគួរត្រូវបានមើលរំលង ឬមិនយកចិត្តទុកដាក់នោះទេ។ នៅក្នុងលិខិតដដែលថា ៖«ហានិភ័យខ្ពស់បំផុតសម្រាប់សង្គ្រាម ឬវិវាទអាចកើតឡើងជាថ្មី ដោយសារយុវជនមិនបានយកចិត្តទុកដាក់គ្រប់គ្រាន់ក្នុងការថែរក្សាសន្តិភាព និងមិនឲ្យតម្លៃ»។
នៅក្នុងលិខិតដដែលថា សន្តិភាព និងប្រជាធិបតេយ្យ គួរតែត្រូវបានពិភាក្សាជាមួយគ្នា ពោលគឺវាមិនមែនជារឿងដែលត្រូវជ្រើសរើសមួយ និងចោលមួយឡើយ ខណៈដែលសុខុមាលភាពរបស់ប្រជាពលរដ្ឋ ត្រូវបានចាត់ទុកជាអាទិភាពចម្បងសម្រាប់សង្គមជាតិ នីមួយៗ។ លោកហ៊ុន ម៉ានី បានគូសបញ្ជាក់ថា៖ «ក្រុមប្រឹក្សាយុវជនអាស៊ី ត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើជាតំណាងសំឡេងយុវជនអាស៊ី តែមួយនៅក្នុងឆាកអន្តរជាតិ ក្នុងការទាក់ទាញមតិគាំទ្រ ដើម្បីសន្តិភាព ស្ថិរភាព សាមគ្គីភាព សង្គម និងវិបុលភាពរួម»។
ដើម្បីចូលរួមចំណែកថែរក្សាសន្តិភាព និងទប់ស្កាត់នូវវិវាទនៅក្នុងតំបន់ ក៏ដូចជាឆាកអន្តរជាតិ ក្រុមយុវជនក្នុងតំបន់អាស៊ី ដែលមានឈ្មោះថា ក្រុមប្រឹក្សាយុវជនអាស៊ី (AYC) នោះ កំពុងធ្វើសន្និបាតប្រចាំឆ្នាំ២០១៦ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកុម្ភៈ។ សន្និបាតនេះ ក្រុមយុវជននឹងបើកការពិភាក្សាផ្ដោតជាសំខាន់ទៅលើប្រធានបទ «សន្តិភាព ប្រជាធិបតេយ្យ និងភាពជាដៃគូ ក្នុងតំបន់ ឆ្ពោះទៅរកគោលដៅ អភិវឌ្ឍន៍ប្រកបដោយចិរភាព»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍នៅក្នុងសុន្ទរកថាបើកវេទិកាយុវជនអាស៊ី ដែលយុវជន១១១នាក់ មកពី១៧ប្រទេសក្នុងទ្វីបអាស៊ី ដោយបានប្រាប់យុវជនអន្តរជាតិទាំងនោះថា ប្រសិនបើតំបន់អាស៊ី និងប្រទេសនីមួយៗនៃទ្វីបនេះមានសង្គ្រាម នោះយុវជនមិនអាចជួបជុំគ្នាក្នុងវេទិកាយុវជនអាស៊ី បានឡើយ។
No comments:
Post a Comment