ខ្មែរថាមស៍
ស្ត្រីមេម៉ាយ
និងស្ត្រីក្រមុំចាស់កំពុងតែមានចម្ងល់ចំពោះការឆ្លងជំងឺHIV ក្រោយពីពលរដ្ឋនាំគ្នាផ្អើលអំពីការផ្ទុះរឿងអ្នកផ្ទុកជម្ងឺអេដស៍
នៅខេត្តកណ្តាល ។ រូបថត ជរ សុគន្ធា
|
ភ្នំពេញ៖(ខ្មែរថាមស៍)ស្របពេលមន្ត្រីពីក្រសួងសុខាភិបាលបានចុះទៅធ្វើតេស្តឈាមជូនដល់ប្រជាពលរដ្ឋនៅភូមិពាមឃុំសំបួរមាសស្រុកមុខកំពូលខេត្តកណ្ដាលបានរកឃើញអ្នកផ្ទុកចំនួន៤នាក់ប៉ុន្តែពុំទាន់ដឹងច្បាស់ថាជាមនុស្សដដែលក្នុងចំណោមពលរដ្ឋ ដែលធ្វើតេស្តឈាមនៅមន្ទីរពេទ្យសម្ដេចឪ ១៤នាក់មានផ្ទុកមេរោគHIV នោះទេ។ អ្នកស្រី ចិន្តា អាយុ៦៥ឆ្នាំ ដែលជាស្ត្រីក្រមុំចាស់រស់នៅក្នុងភូមិ បានពួនសម្ងំនៅក្នុងផ្ទះមិនចង់ជួបអ្នកដទៃ និងមិនចង់ឲ្យអ្នកណាដឹងថា អ្នកស្រីផ្ទុកមេរោគ HIV នោះទេ ក្រោយពីអ្នកស្រីបានធ្វើតេស្តឈាម៣ដង ដែលលទ្ធផលបញ្ជាក់ថាអ្នកស្រីផ្ទុកមេរោគ HIV។
អង្គុយពួនសម្ងំនៅក្នុងផ្ទះបាយតូចមួយ អ្នកស្រី ចិន្តា ដែលស្ថិតក្នុងទឹកមុខស្លេកស្លាំង និងល្ហិតល្ហៃអស់កម្លាំងបានរៀបរាប់ទាំងទឹកមុខស្រងូតស្រងាត់ថា អ្នកស្រីនៅតែមិនអស់ចិត្តថាអ្នកស្រីផ្ទុកមេរោគ HIV ទេពីព្រោះអ្នកស្រីរស់នៅតែឯងពុំមានគ្រួសារហ្នឹងគេ ហើយក៏ពុំដែលធ្វើអ្វីខុសឆ្គងម្ដងណានោះទេ។ អ្នកស្រីថ្លែងថា៖ «បើអ្នកណាខ្ញុំមិនដឹងទេ តែខ្ញុំៗជឿលើខ្លួនឯង ពីព្រោះខ្ញុំជាស្ត្រីក្រមុំចាស់ តាំងពីបែកប៉ុលពតមក ខ្ញុំគ្មានប្តីហ្នឹងគេទេ ចុះហេតុអ្វីបានជាខ្ញុំមានជំងឺអេដស៍?។ ដោយសារតែ ខ្ញុំខ្លាចរឿងអស់ហ្នឹងហើយបានជាខ្ញុំមិនយកគ្រួសារ ប៉ុន្តែខ្ញុំនៅតែជៀសមិនផុត។ ខ្ញុំមិនអស់ចិត្តខ្ញុំពិនិត្យឈាម៣ដងលទ្ធផលបង្ហាញថាមកអ៊ីចឹង»។
អ្នកស្រី ចិន្តា តែងតែមានបញ្ហារាគរូស ដែលមានគ្រាមួយអ្នកស្រីរាគ រយៈពេល១ខែ អ្នកស្រីក៏សម្រេចចិត្តទៅចាក់ថ្នាំ ប៉ុន្តែរឿងនោះវាបានកើតឡើងចំពោះអ្នកស្រីប្រហែល៥ ទៅ៦ឆ្នាំ មកហើយ ហើយអ្នកស្រីតែងតែចំណាំមើលសុខភាពរបស់អ្នកស្រីចេះតែអន់ថយពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែអ្នកស្រីមិននឹកស្មានថា មានជំងឺអេដស៍នោះទេ។ អ្នកស្រីថ្លែងថា៖ «ខ្ញុំស្ទើរសន្លប់នៅពេលទទួលបានលទ្ធផលពីការធ្វើតេស្តឈាម ខ្ញុំកំពុងតែបារម្ភថា តើទៅថ្ងៃមុខ ខ្ញុំនឹងទៅជាយ៉ាងណាបើខ្ញុំមានតែម្នាក់ឯង»។
No comments:
Post a Comment