Saturday, October 15, 2011

នាយក​រដ្ឋមន្ត្រី​លុប​ពិធី​បុណ្យ​អុំទូក​ឆ្នាំនេះ

ក្នុង​សារ​ផ្ទាល់មាត់​ ក្រោយ​កិច្ចប្រជុំ​គណៈ​រដ្ឋមន្ត្រី​ពិសេស​ កាល​ពី​រសៀល​ថ្ងៃ​ទី​១៣​ តុលា លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​សែន បាន​ប្រកាស​អំពី​ការ​លុបចោល​រាជ​ពិធី​បុណ្យ​អុំទូក​ដែលនឹង​ប្រព្រឹត្ត​ទៅ​ នៅដើមខែ​វិច្ឆិកា​ឆ្នាំនេះ​ គឺ​ដោយសារ​តែ​មាន​មហន្តរាយ​គ្រោះ​ទឹក​ជំនន់​ធ្ងន់ធ្ងរ​ ​ខណៈ​ដែល​លោ​ក​អះអាង​ថា មក​ដល់​ពេល​នេះ​មាន​អ្នក​រងគ្រោះ​បាត់បង់​ជីវិត​ដល់​ទៅ ​២៤៧នាក់​ហើយ​។
ក្នុង​សេចក្តី​ថ្លែង​សារ​ផ្ទាល់​មាត់ ប្រមាណ​៣០នាទី ​នៅ​វិមាន​សន្តិភាព ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ ​សែន បាន​លើក​ហេតុផល​ពីការ​លុបចោល​រាជ​ពិធី​បុណ្យ​អុំទូក​នៅ​ឆ្នាំនេះថា​ ដោយសារ​តែ​បញ្ហា​ទឹក​ធំ​ឡើង​ខ្ពស់​ជាង​ឆ្នាំ​២០០០​។ លោក​មាន​ប្រសាសន៍ថា៖ «​រហូត​ដល់​ថ្ងៃ​ទី​១៣​តុលា ឆ្នាំ​២០១១ ទឹកទន្លេ​នៅ​តែ​ឡើង​ធំ លើស​ពី​កម្រិត​ប្រកាស​អាសន្ន នៅ​គ្រប់​ទីកន្លែង ពិសេស​នៅ​ភ្នំពេញ មុខ​ព្រះ​បរម​រាជវាំង ដែល​ជា​កន្លែង​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក គឺ​ទឹក​ឡើង​ខ្ពស់ ដែល​អាច​បង្ក​គ្រោះថ្នាក់​ជា​យថា​ហេតុ ដល់​ក្រុម​អ្នកអុំ​ទូក​ ង ​ដែល​មាន​ប្រមាណ​មិន​តិច​ជាង​ ៤​០០ គ្រឿង»។
រាជ​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំនេះ​ ​ដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃទី​៩ ,១០ និងទី​១១​វិច្ឆិកា នៅ​ភ្នំពេញ​លោក​នាយក​រដ្ឋមន្រ្តី​លើក​ឡើង​ថា ​គឺ​នឹង​មាន​កម្លាំង​ចំណុះ​ទូក ​ជា​ប្រជា-កសិករ​មកពី​តាម​បណ្តា​ខេត្ត​នានា​នៅ ទូទាំង​ប្រទេស ​ឡើង​មក​ភ្នំពេញ​ ដែល​នាំ​ឲ្យ​ខាត​ពេលវេលា ក្នុងការ​ធ្វើ​ស្រែ​ចម្ការ​នៅ​ពេល​ទឹក​ស្រក​។ ម្យ៉ាង រដ្ឋា​ភិបាល​ក៏​ត្រូវ​ចាត់​កម្លាំង​ការពារ​សន្តិសុខ និង​ចំណាយ​ថវិកា​មិន​តិច​ជាង​១០​លាន​រៀលទេ​។ លោក​បញ្ជាក់​ថា៖ «​ដូច្នេះ​យើង​ត្រូវ​សន្សំ​ថវិកា និង​ធនធាន​មួយ​ចំនួន ដើម្បី​ស្តារឡើង​វិញ​នូវ​គ្រោះ​ទឹកជំនន់»។

No comments:

Post a Comment