Monday, October 17, 2011

ទោះ​អាជ្ញាធរ​គំរាម​អ្នកស្រុក​គូលែន​ជម្នះ​តវ៉ា​នឹង​ក្រុមហ៊ុន​សិលា​ដាម៊ិច

ដោយ​ ម៉ៃ ទិត្យថារ៉ា
ភ្នំពេញ​ប៉ុស្តិ៍

ព្រះវិហារៈ ក្រុម​អ្នកភូមិ​ក្នុង​ឃុំ​ស្រយង់ ស្រុកគូលែន ដែល​មាន​វិវាទ​ដី​ធ្លី​ជាមួយ​នឹង​ក្រុមហ៊ុន​សិលាដាម៉ិច ​បាន​ចោទ​មន្រ្តី​មូលដ្ឋាន​ថា បាន​គំរាម​ចាប់​ឃុំខ្លួន​អ្នក​ភូមិ ​ពី​បទ​ញុះញង់​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន​ខុស​ច្បាប់​ ខណៈ​ដែល​ពួកគេ​គ្រោង​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន​នៅ​ថ្ងៃ​ចន្ទ​ នេះ។
លោក លឹម លំ អាយុ ៣២ ឆ្នាំ ជា​តំណាង​អ្នក​ភូមិ​មួយរូប​បាន​ឲ្យ​ដឹង​ថា នគរបាល​ប៉ុស្តិ៍​និង​មេឃុំ​ស្រយង់ ​បាន​គំរាម​ចាប់​ខ្លួន​អ្នក​ភូមិ​ដាក់​គុក​ ​បើ​អ្នកភូមិ​ជួបជុំ​គ្នា​ចាប់​ពី៣នាក់​ទៅ​ក្នុង​មួយ​ក្រុម​។ ​លោក​ប្រាប់​ថា៖ «មេប៉ុស្តិ៍​ឃុំ​ស្រយង់​ ប្រាប់​ថា​អ្នកភូមិ​មិន​ចាំបាច់​ចង់​ដឹង​ពី​ច្បាប់​ទេ។ អ្នកភូមិ​គ្រាន់​តែ​គោរព​ច្បាប់​ទៅ​បាន​ហើយ។ បើ​គេ​ឃើញ​ជុំគ្នា​៣នាក់​មួយក្រុម ​គេ​នឹង​ចាប់​ឃុំ​ខ្លួន​យើង​ ដោយ​ចោទ​យើង​ពី​បទ​ជួញដូរ​ថ្នាំ​ញៀន ឬ​ធ្វើ​បាតុកម្ម​ខុស​ច្បាប់»។
លោក​មានចម្ងល់​ថា ហេតុ​អ្វី​អ្នកភូមិ​ពុំ​មាន​សិទិ្ធ​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន ដើម្បី​ការពារ​ដី​របស់​ខ្លួន ខណៈ​ដែល​ក្រុម​ហ៊ុន​កំពុង​ឈូសឆាយ​ដី​ស្រែ​ចម្ការ​របស់​អ្នកភូមិ​។ លោក​អះអាង​ថា៖ ​«​បើទោះ​ជា​នគរបាល​និង​មេ​ឃុំ​គំរាម​ក៏​ដោយ ក៏​យើង​នៅ​តែ​ធ្វើ​បាតុកម្ម​នៅ ថ្ងៃ​ស្អែកព្រោះ​ក្រុមហ៊ុន​យក​ដី​ យើង»​។
អ្នកស្រី មាស រ៉េន អាយុ​៥០ឆ្នាំ ​តំណាង​អ្នកភូមិ ដែល​ទទួល​បាន​ដីកា​ពី​នគរបាល​ឃុំ​ពី​ថ្ងៃ​ទី​៥ តុលា បាន​ថ្លែងថា នៅ​ថ្ងៃ​ស្អែក​នឹង​មាន​អ្នកភូមិ​ជាង​២០០នាក់ ដែល​រង​ផល​ប៉ះពាល់​លើ​ផ្ទៃដី​ទំហំ ៤៥៤ ហិកតា ពី​ក្រុមហ៊ុន​សិលាដាម៉ិច ​មក​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ប្រឆាំងមិន​ឲ្យ​ក្រុមហ៊ុន​ឈូស​ឆាយ​ដី​ស្រែ​ ចម្ការ​គាត់​ឡើយ ​ទោះ​ជា​អាជ្ញាធរ​គំរាម​ចាប់ខ្លួន​ពួកគេឃុំ​ក៏ដោយ។
អ្នកស្រី​បន្ត​ថា៖ «​ក្រុមហ៊ុន​បាន​គំរាម​យើង​ថា បើ​យើង​មក​ធ្វើ​បាតុកម្ម​ថ្ងៃ​ស្អែក[ថ្ងៃ​នេះ] ​ពួកគេ​នឹង​ដុត​គ្រឿង​ចក្រ​ពួកគេ ​នៅ​ពេល​យើង​វិល​ត្រឡប់​ទៅ​ផ្ទះវិញ ហើយ​ចោទ​ថា ​ប្រជាជន​ជា​អ្នកដុត»។
លោក ចាន់ សត្យា មេ​ប៉ុស្តិ៍​នគរបាល​ឃុំ​ស្រយង់​ថ្លែង​ថា នគរបាល​ចង់​ការពារ​អ្នកភូមិ​កុំ​ឲ្យ​ប្រើ​ហិង្សា​ ដូច្នេះបើ​ពួកគេ​ជួបជុំ​គ្នាជា​ក្រុម​ពី​៣ទៅ​៥នាក់​ត្រូវ​ជូន​ដំណឹង​ឲ្យ​ នគរបាល​ចូលរួម​បាន​ដឹង​ថា ​តើ​អ្នកភូមិ​ចង់​ធ្វើ​អ្វី​។ ​លោក​ថា៖«​យើង​មិន​ឃុំ​ពួកគេ​ទេ យើង​គ្រាន់​តែ​ចង់​ឲ្យ​ពួកគេ​មាន​សុវតិ្ថភាព ​បើ​ពួកគេ​ជួបជុំគ្នា ​ពី​៣ទៅ៥​នាក់​ យើងនឹង​ហៅ​មក​សួរ»។
លោក ជុំ ពយ ​អភិបាល​ស្រុក​គូលែន បាន​ថ្លែង​ថា លោក​មិន​បាន​ដឹង​ពី​ការ​ប្តឹង​របស់​អ្នកភូមិ​ទេ​ ប៉ុន្តែ​ក្រុមហ៊ុន​សិលាដាម៉ិច ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល​ក្នុង​ឆ្នាំ២០០៩ ​លើ​ផ្ទៃដី​ទំហំ៩ពាន់​ហិកតា ​ហើយដែល​ក្រុមហ៊ុន​គេ​ត្រូវ​ដាំដុះ​នៅ​លើ​ដី​នោះ។
លោក អ៊ូច ឡេង ប្រធាន​កម្ម​វិធី​ដីធ្លី​របស់​អាដហុក​យល់​ថា ទង្វើ​នេះ​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​សិទិ្ធ​មនុស្ស​ទេ គឺ​ថែម​ទាំង​ប៉ះពាល់​ដល់​សិទិ្ធ​បញ្ចេញ​មតិ​ផង៕ TK

No comments:

Post a Comment