ម៉ៃ ទិត្យថារ៉ា
លោកស្រី អឹុម ចែម នៅពេលចូលរួមកម្មវិធីកន្លងមក។ រូបថត សហការី |
ភ្នំពេញ៖(ខ្មែរថាមស៍)សហចៅក្រមសើុបអង្កេតបានចេញដីកាសម្រេចបំបែកសំណុំរឿងទាក់ទងទៅនឹងលោកស្រី អឹុម ចែម ចេញពីសំណុំរឿង០០៤ ហើយចាត់ជាសំណុំរឿងថ្មីមួយគឺសំណុំរឿង០០៤/០១ក្រោយពីនីតិវិធីប្រឆាំងនឹងរូបគាត់ត្រូវបានបិទបញ្ចប់។
យោងទៅតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា កាលពីថ្ងៃទី១៥ ខែកុម្ភៈ បានឲ្យដឹងថា ការបំបែកសំណុំរឿងនេះគឺ ដើម្បីធានាសិទ្ធិរបស់ជនត្រូវចោទចំពោះការកំណត់បទចោទប្រឆាំងនឹងរូបគាត់ដោយគ្មានការពន្យារពេល។ ការណ៍នេះនឹងអនុញ្ញាតឲ្យនីតិវិធីប្រឆាំងនឹង អ៊ឹម ចែម ឈានដល់ការបិទបញ្ចប់ ខណៈដែលការសើុបអង្កេតនៅតែបន្តចំពោះផ្នែកដែលនៅសេសសល់ក្នុងសំណុំរឿង០០៤។
លោក នេត្រ ភក្រ្តា មន្ត្រីនាំពាក្យសាលាក្ដីខ្មែរក្រហម បានឲ្យដឹងថា ដោយពិចារណាដល់សេចក្ដីជូនដំណឹងពីការបិទបញ្ចប់កិច្ចសើុបសួរប្រឆាំង លោកស្រី អឹុម ចែម ដែលបានចេញកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ ខណៈដែលការសើុបអង្កេតប្រឆាំងនឹងជនត្រូវចោទផ្សេងទៀតក្នុងសំណុំរឿង០០៤ កំពុងតែនៅបន្តនៅឡើយ ដូច្នេះសហចៅក្រមសើុបអង្កេតយល់ឃើញថា វាជាការត្រឹមត្រូវ និងដើម្បីផលប្រយោជន៍យុត្តិធម៌។ លោកថ្លែងថា៖ «ដោយសារសំណុំរឿងគាត់បានបញ្ចប់ ដូច្នេះហើយបានជាសហចៅក្រមសើុបអង្កេតទាំងពីរ បំបែកចេញពីសំណុំរឿង០០៤ ហើយបង្កើតជាសំណុំរឿងថ្មីមួយគឺ០០៤/១»។
No comments:
Post a Comment