Wednesday, February 17, 2016

លោក​​ វ៉ែន វ៉ននឹង​ត្រូវ​ប្រកាស​សាលក្រម​ថ្ងៃ​៣​ ខែ​មិនា​

ម៉ៃ ទិត្យថារ៉ា

ខ្មែរថាមស៍

លោក វ៉ែន វ៉ន ត្រូវ​បាន​បញ្ជូន​មក​បើក​សវនាការ​កាល​ពីថ្ងៃ​ម្សិលមិញ។ រូប​ថត សហការី​


ភ្នំពេញ៖(ខ្មែរថាមស៍)សាលា​ដំបូង​ខេត្ត​កោះកុង ​នឹង​ប្រកាស​សាល​ក្រម​ លោក វ៉ែន វ៉ន តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជង រស់​នៅ​ភូមិ​ជំនាប់ ឃុំ​ជំនាប់ ស្រុក​ថ្មបាំង ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី​៣​ ខែ​មិនា ទាក់​ទង​ទៅ​នឹង​សំណុំ​រឿង​ទទួល​អនុផល​ឈើ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ស្រប​ពេល​ដែល ​ព្រះរាជអាជ្ញា​បាន​ស្នើ​សុំ​ឲ្យ​ទម្លាក់​ចោល​បទ​ចោទ​មួយ​ករណី​។​

នៅ​ក្នុង​សវនាការ​ដែល​បាន​បើក​សាធារណៈ​ដោយ​អនុញ្ញាត​ឲ្យ​គ្រប់​ភាគី​ពាក់​ព័ន្ធ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ចូល​រួម​ស្ដាប់​សវនាការ ក្រោយ​ពី​បាន​ចាប់​ផ្ដើម​ពី​ម៉ោង​៨.៣០​នាទី​ ដល់​ ម៉ោង​១១​បាន​បញ្ចប់ ​ការ​សួរ​ដេញ​ដោល​នោះ​ ចៅក្រម​សាលា​ដំបូង​ខេត្ត​កោះកុង លោក អាំង ចិន្តា បាន​មាន​ប្រ​សាសន៍​ថា​ សាលា​ដំបូង​នឹង​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃ​ទី​៣​ ខែ​មិនា ឆ្នាំ ២០១៥​ វេលា​ម៉ោង​៨.០០ព្រឹក​។ 

នៅ​ក្នុង​អង្គ​សវនាការ​ដែល​សួរ​ទាក់​ទង​ទៅ​នឹង​បទ​ចោទ​ លោក វ៉ែន វ៉ន អាយុ​៣៦​ឆ្នាំ បាន​ថ្លែង​នៅ​ក្នុង​ក្រចក​សេះ​ថា លោក​ពុំ​បាន​ធ្វើ​អ្វី​ដូច​ការ​ចោទ​ប្រ​កាន់​នោះ​ទេ​ លោក​បាន​ទិញ​ឈើ​សម្រាប់​បម្រើ​ឲ្យ​តម្រូវ​ការ​របស់​សហគមន៍​ គឺ​សាង​សង់​ស្នាក់​ការ​ធ្វើ​ការងារ​សហគមន៍​ និង​បន្ទប់​បណ្ដុះ​បណ្ដាល​ភាសា​អង់គ្លេស​សម្រាប់​កូន​អ្នក​ភូមិ​។ លោក​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​បាន​ស្នើ​សុំ​ទៅ​លោក​ចៅហ្វាយ​ស្រុក ហើយ​គាត់​ក៏​យល់​ព្រម​ឲ្យ​សាង​សង់​។ ខ្ញុំ​សូម​ឲ្យ​លោក​តុលាការ​មេត្តា​ដោះ​លែង​ខ្ញុំ​ឲ្យ​មាន​សេរី​ភាព​វិញ​»។​

លោក វ៉ែន វ៉ន ត្រូវ​តុលាការ​ឃាត់​ខ្លួន​នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៥ នៅ​គ្រា​ដែល​ចៅក្រម​ស៊ើបសួរ​កោះ​ហៅ​ទៅ​បំភ្លឺ លើ​សំណុំរឿង​ទទួល​អនុផល​ឈើ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​ការ​បំបាត់​វត្ថុ​តាង ដែល​មាន​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កោះកុង លោក អោម មធាក់រី ជា​ដើម​បណ្ដឹង។ ការ​ចោទ​ប្រកាន់​នេះ បន្ទាប់​ពី​លោក​បាន​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ​ចំនួន​៨​ម៉ែត្រគុប សង់​ទីស្នាក់ការ​នៅ​ភូមិ​ច្រក​ឫស្សី ក្នុង​ឃុំ​ជំនាប់ សម្រាប់​ទទួល​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​តំបន់​អារ៉ែង និង​ប្រើប្រាស់​ជា​កន្លែង​ធ្វើការ​របស់​សហគមន៍។

No comments:

Post a Comment