Monday, February 15, 2016

សាលាក្ដី​បំបែក​សំណុំ​រឿង​លោក​ស្រី​ អឹុម​ ចែម ចេញ​ពី​​រឿង​ក្តី​០០៤​

ម៉ៃ ទិត្យថារ៉ា


លោកស្រី អឹុម ចែម នៅពេលចូលរួមកម្មវិធីកន្លងមក។ រូបថត សហការី

ភ្នំពេញ៖(ខ្មែរថាមស៍)សហ​ចៅ​ក្រម​សើុប​អង្កេត​បាន​ចេញ​ដីកា​សម្រេច​បំបែក​សំណុំ​រឿង​ទាក់​ទង​ទៅ​នឹង​លោក​ស្រី​ អឹុម ចែម​ ចេញ​ពី​សំណុំ​រឿង​០០៤​ ហើយ​ចាត់​ជា​សំណុំ​រឿង​ថ្មី​មួយ​គឺ​សំណុំ​រឿង​០០៤/០១ក្រោយ​ពី​នីតិវិធី​ប្រឆាំង​នឹង​រូប​គាត់​ត្រូវ​​បាន​បិទ​បញ្ចប់។ 

យោង​ទៅតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​កុម្ភៈ បាន​ឲ្យ​ដឹង​ថា ការ​បំបែក​សំណុំរឿង​នេះ​គឺ ដើម្បី​ធានា​សិទ្ធិ​របស់​ជន​ត្រូវ​ចោទ​ចំពោះ​ការកំណត់​បទ​ចោទ​ប្រឆាំង​នឹង​រូប​គាត់​ដោយ​គ្មាន​ការ​ពន្យារពេល​។ ការណ៍​នេះ​នឹង​អនុញ្ញាត​ឲ្យ​នីតិវិធី​ប្រឆាំង​នឹង​ អ៊ឹម ចែម ឈាន​ដល់​ការ​បិទ​បញ្ចប់​ ខណៈ​ដែល​ការ​សើុប​អង្កេត​នៅ​តែ​បន្ត​ចំពោះ​ផ្នែក​ដែល​នៅ​សេស​សល់​ក្នុង​សំណុំរឿង​០០៤​។ 

លោក​ នេត្រ​ ភក្រ្តា​ មន្ត្រី​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរ​ក្រហម ​បាន​ឲ្យ​ដឹង​ថា ដោយ​ពិចារណា​ដល់​សេចក្ដី​ជូន​ដំណឹង​ពី​ការ​បិទ​បញ្ចប់​កិច្ច​សើុប​សួរ​ប្រឆាំង​ លោកស្រី​ អឹុម ចែម ដែល​បាន​ចេញ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៥ ខណៈ​ដែល​ការ​សើុប​អង្កេត​ប្រឆាំង​នឹង​ជន​ត្រូវ​ចោទ​ផ្សេង​ទៀត​ក្នុង​សំណុំ​រឿង​០០៤ ​កំពុង​តែ​នៅ​បន្ត​នៅ​ឡើយ​ ដូច្នេះ​​សហ​ចៅ​ក្រម​សើុប​អង្កេត​យល់​ឃើញ​ថា​ វា​ជា​ការ​ត្រឹម​ត្រូវ​ និង​ដើម្បី​ផល​ប្រយោជន៍​យុត្តិធម៌។ លោក​ថ្លែង​ថា​៖ «​ដោយ​សារ​សំណុំ​រឿង​គាត់​បាន​បញ្ចប់ ​ដូច្នេះ​ហើយ​បាន​ជា​សហ​ចៅ​ក្រម​សើុប​អង្កេត​ទាំង​ពីរ បំបែក​ចេញ​ពី​សំណុំ​រឿង​០០៤​ ហើយ​​បង្កើត​​ជា​សំណុំ​រឿង​ថ្មី​មួយ​គឺ​០០៤​/១»។​​​ 

No comments:

Post a Comment