Sunday, February 28, 2016

ហ៊ុន ម៉ានី៖ យុវជន​ត្រូវ​រក្សា​ និង​ឲ្យ​តម្លៃ​សន្តិភាព


ម៉ៃ ទិត្យថារ៉ា



លោក ហ៊ុន ម៉ានី ថ្លែងក្នុងកម្មវិធីកន្លងមក។ រូបថត ហ្វេសប៊ុក ហ៊ុន ម៉ានី
ភ្នំពេញ៖(ខ្មែរថាមស៍)លោកហ៊ុនម៉ានីប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជាដែល​ត្រូវ​បាន​ជ្រើសរើស​ជា​ថ្មី​ជា​ប្រធាន​ក្រុមប្រឹក្សា​យុវជន​អាស៊ីបាន​ថ្លែង​ថាសង្គ្រាមឬ​វិវាទ​អាច​កើត​ឡើង​ជា​ថ្មីដោយសារ​យុវជន​មិន​បាន​យក​ចិត្ត​ទុក​ដាក់​គ្រប់គ្រាន់ ក្នុង​ការ​ថែរក្សា​សន្តិភាព និង​មិន​ឲ្យ​តម្លៃ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​រួម​របស់​ក្រុមប្រឹក្សា​យុវជន​អាស៊ី និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ  ឆ្នាំ​២០១៦ នេះ លោក ហ៊ុន ម៉ានី បាន​ថ្លែង​ថា សន្តិភាព​មិន​គួរ​ត្រូវ​បាន​មើល​រំលង ឬ​មិន​យក​ចិត្ត​ទុក​ដាក់​នោះ​ទេ។ នៅ​ក្នុង​លិខិត​ដដែល​ថា ៖«ហានិភ័យ​ខ្ពស់​បំផុត​សម្រាប់​សង្គ្រាម ឬ​វិវាទ​អាច​កើត​ឡើង​ជា​ថ្មី ដោយសារ​យុវជន​មិន​បាន​យក​ចិត្ត​ទុក​ដាក់​គ្រប់គ្រាន់​ក្នុង​ការ​ថែរក្សា​សន្តិភាព និង​មិន​ឲ្យ​តម្លៃ»។

នៅ​ក្នុង​លិខិត​ដដែល​ថា សន្តិភាព និង​ប្រជាធិបតេយ្យ គួរ​តែ​ត្រូវ​បាន​ពិភាក្សា​ជា​មួយ​គ្នា ពោល​គឺ​វា​មិនមែន​ជា​រឿង​ដែល​ត្រូវ​ជ្រើស​រើស​មួយ និង​ចោល​មួយ​ឡើយ ខណៈ​ដែល​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​ចាត់​ទុក​ជា​អាទិភាព​ចម្បង​សម្រាប់​សង្គម​ជាតិ នីមួយៗ​។ លោក​ហ៊ុន ម៉ានី  បាន​គូស​បញ្ជាក់​ថា​៖ «ក្រុមប្រឹក្សា​យុវជន​អាស៊ី ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​ធ្វើ​ជា​តំណាង​សំឡេង​យុវជន​អាស៊ី តែ​មួយ​នៅ​ក្នុង​ឆាក​អន្តរជាតិ ក្នុង​ការ​ទាក់ទាញ​មតិ​គាំទ្រ ដើម្បី​សន្តិភាព ស្ថិរភាព សាមគ្គីភាព សង្គម និង​វិបុលភាព​រួម»។

ដើម្បី​ចូលរួម​ចំណែក​ថែរក្សា​សន្តិភាព និង​ទប់ស្កាត់​នូវ​វិវាទ​នៅ​ក្នុង​តំបន់ ក៏​ដូច​ជា​ឆាក​អន្តរជាតិ ក្រុម​យុវជន​ក្នុង​តំបន់​អាស៊ី ដែល​មាន​ឈ្មោះថា ក្រុម​ប្រឹក្សា​យុវជន​អាស៊ី (AYC) នោះ ​កំពុង​ធ្វើ​សន្និបាត​ប្រចាំ​ឆ្នាំ​២០១៦ នៅ​ក្នុង​ប្រទេស​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ​។ សន្និបាត​នេះ ក្រុម​យុវជន​នឹង​បើក​ការ​ពិភាក្សា​ផ្ដោត​ជា​សំខាន់​ទៅ​លើ​ប្រធាន​បទ «សន្តិភាព ប្រជាធិបតេយ្យ និង​ភាព​ជា​ដៃគូ ក្នុង​តំបន់ ឆ្ពោះ​ទៅ​រក​គោលដៅ អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព»។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​មាន​ប្រសាសន៍​នៅ​ក្នុង​សុន្ទរកថា​បើក​វេទិកា​យុវជន​អាស៊ី ដែល​យុវជន​១១១​នាក់ មក​ពី​១៧​ប្រទេស​ក្នុង​ទ្វីប​អាស៊ី​ ដោយ​បាន​ប្រាប់​យុវជន​អន្តរជាតិ​ទាំង​នោះ​ថា ប្រសិនបើ​តំបន់​អាស៊ី និង​ប្រទេស​នីមួយៗ​នៃ​ទ្វីប​នេះ​មាន​សង្គ្រាម នោះ​យុវជន​មិន​អាច​ជួបជុំគ្នា​ក្នុង​វេទិកា​យុវជន​អាស៊ី បាន​ឡើយ។

No comments:

Post a Comment