Monday, February 22, 2016

អ្នក​ភូមិ​នាំ​គ្នា​ធ្វើ​តេស្ត​​ឈាម​រក​ឃើញ​មាន​អ្នក​ផ្ទុក​មេរោគ​ HIV ៤​នាក់​

ម៉ៃ ទិត្យ​ថារ៉ា​

ខ្មែរ​ថាមស៍​
ស្ត្រី​មេម៉ាយ និងស្ត្រី​ក្រមុំ​ចាស់​កំពុង​តែ​មាន​ចម្ងល់​ចំពោះ​ការ​ឆ្លង​ជំងឺ​HIV ក្រោយ​ពីពលរដ្ឋ​នាំ​គ្នា​ផ្អើល​អំពី​ការ​ផ្ទុះរឿង​អ្នក​ផ្ទុក​ជម្ងឺ​អេដស៍​​ នៅខេត្ត​កណ្តាល​ ។ រូបថត ជរ សុគន្ធា


ភ្នំពេញ៖(ខ្មែរថាមស៍)ស្រប​ពេល​មន្ត្រី​ពី​ក្រសួង​សុខាភិបាលបាន​​ចុះ​ទៅ​ធ្វើ​តេស្តឈាម​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ពាមឃុំ​សំបួរមាសស្រុក​មុខកំពូលខេត្ត​កណ្ដាលបាន​រក​ឃើញ​អ្នក​ផ្ទុក​ចំនួន​៤​នាក់​ប៉ុន្តែ​ពុំ​ទាន់​ដឹង​ច្បាស់​ថា​ជា​មនុស្ស​ដដែល​​ក្នុង​ចំណោម​ពលរដ្ឋ ​ដែល​ធ្វើ​តេស្តឈាម​នៅ​​មន្ទីរពេទ្យ​សម្ដេច​ឪ ១៤​នាក់​មាន​ផ្ទុក​មេរោគ​HIV នោះ​ទេ។ អ្នកស្រី​ ចិន្តា អាយុ​៦៥​ឆ្នាំ ដែល​ជា​ស្ត្រី​ក្រមុំ​ចាស់​រស់នៅ​ក្នុង​ភូមិ​ បាន​ពួន​សម្ងំ​នៅ​ក្នុង​ផ្ទះ​មិន​ចង់​ជួប​អ្នក​ដទៃ ​និង​មិន​ចង់​ឲ្យ​អ្នក​ណា​ដឹង​ថា ​អ្នក​ស្រី​ផ្ទុក​មេរោគ​​ HIV នោះ​ទេ​ ក្រោយ​​ពី​អ្នកស្រី​បាន​ធ្វើ​តេស្តឈាម​៣​ដង ​ដែល​លទ្ធផល​បញ្ជាក់​​ថា​អ្នកស្រី​ផ្ទុក​មេរោគ​​ HIV។

អង្គុយ​ពួន​សម្ងំ​នៅ​ក្នុង​ផ្ទះ​បាយ​តូច​មួយ​ អ្នកស្រី​ ចិន្តា​​ ដែល​ស្ថិត​ក្នុង​ទឹក​មុខ​ស្លេក​ស្លាំង​ និង​ល្ហិតល្ហៃ​អស់កម្លាំង​បាន​រៀប​រាប់​ទាំង​ទឹក​មុខ​ស្រងូតស្រងាត់​ថា​ អ្នក​ស្រី​នៅ​តែ​មិន​អស់​ចិត្ត​ថា​អ្នក​ស្រី​ផ្ទុក​មេរោគ​​ HIV ទេ​ពីព្រោះ​អ្នកស្រី​រស់​នៅ​តែ​ឯង​ពុំ​មាន​គ្រួសារ​ហ្នឹង​គេ​ ហើយ​ក៏​ពុំ​ដែល​ធ្វើ​អ្វី​ខុស​ឆ្គង​ម្ដង​ណា​នោះ​ទេ​។ អ្នកស្រី​ថ្លែង​ថា​៖  «​បើ​អ្នក​ណា​ខ្ញុំ​មិន​ដឹង​ទេ តែ​ខ្ញុំ​ៗ​ជឿ​លើ​ខ្លួន​ឯង​ ពីព្រោះ​ខ្ញុំ​ជា​ស្ត្រី​ក្រមុំ​ចាស់​ តាំង​ពី​បែក​ប៉ុល​ពត​មក​ ខ្ញុំ​គ្មាន​ប្តី​ហ្នឹង​គេ​ទេ​ ចុះ​ហេតុអ្វី​បាន​ជា​ខ្ញុំ​មាន​ជំងឺ​អេដស៍?។ ដោយ​សារ​តែ ខ្ញុំ​ខ្លាច​រឿង​អស់​ហ្នឹង​ហើយ​បាន​ជា​ខ្ញុំ​មិន​យក​គ្រួសារ​ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ជៀស​មិន​ផុត។​ ខ្ញុំ​មិន​អស់​ចិត្ត​ខ្ញុំ​ពិនិត្យ​ឈាម​៣​ដង​លទ្ធផល​បង្ហាញ​ថា​មក​អ៊ីចឹង»។​

អ្នក​ស្រី​ ចិន្តា តែង​តែ​មាន​បញ្ហា​រាគ​រូស​ ដែល​មាន​គ្រា​មួយ​អ្នកស្រី​រាគ​ រយៈពេល​១​ខែ អ្នកស្រី​ក៏​សម្រេច​ចិត្ត​ទៅ​ចាក់​ថ្នាំ​ ប៉ុន្តែ​រឿង​នោះ​វា​បាន​កើត​ឡើង​ចំពោះ​អ្នក​ស្រី​ប្រហែល​​៥ ​ទៅ​៦​ឆ្នាំ ​មក​ហើយ​ ហើយ​អ្នកស្រី​តែងតែ​ចំណាំ​មើល​សុខ​ភាព​របស់​អ្នក​ស្រី​ចេះ​តែ​អន់​ថយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ប៉ុន្តែ​អ្នក​ស្រី​មិន​នឹក​ស្មាន​ថា​ មាន​ជំងឺ​អេដស៍​នោះ​ទេ​។ អ្នក​ស្រី​ថ្លែង​ថា៖ «​ខ្ញុំ​ស្ទើរ​សន្លប់​នៅ​ពេល​ទទួល​បាន​លទ្ធផល​ពី​ការ​ធ្វើ​តេស្តឈាម​ ខ្ញុំ​កំពុង​តែ​បារម្ភ​ថា តើ​ទៅ​ថ្ងៃ​មុខ ​ខ្ញុំ​នឹង​ទៅ​ជា​យ៉ាង​ណា​បើ​ខ្ញុំ​មាន​តែ​ម្នាក់​ឯង​»។

No comments:

Post a Comment